1 Thessalonians 3

1ដោយព្រោះយើង​ពុំ​អាច​ទ្រាំទៀតបាន​យើង​ក៏​សម្រេចចិត្ដនៅ​ក្រុង​អាថែន​តែ​គ្នាយើង 2ហើយចាត់ធីម៉ូថេជាបងប្អូន​របស់​យើងនិង​ជា​អ្នក​រួម​ការងារ​បម្រើ​ព្រះជាម្ចាស់ក្នុងដំណឹងល្អរបស់​ព្រះ​គ្រិស្ដឲ្យទៅពង្រឹងនិងលើក​ទឹក​ចិត្តអ្នករាល់គ្នាខាងជំនឿ 3ដើម្បីកុំ​ឲ្យ​នរណា​ម្នាក់​ត្រូវ​រង្គីរដោយព្រោះ​សេចក្ដី​វេទនាទាំងនេះ​ឡើយ​ដ្បិត​អ្នករាល់គ្នា​ដឹងហើយថា​ព្រះជាម្ចាស់​បាន​តម្រូវ​ឲ្យ​យើងជួប​ប្រទះ​សេចក្ដី​វេទនា​បែប​នេះ 4កាលយើង​នៅជាមួយអ្នករាល់គ្នានៅឡើយ​យើង​បាន​ប្រាប់អ្នករាល់គ្នា​រួច​ហើយថា​យើង​នឹង​ត្រូវ​រងទុក្ខវេទនាហើយ​ការ​នោះ​ក៏កើតឡើងមែនដូចដែល​អ្នករាល់គ្នា​ដឹងស្រាប់ 5ដោយខ្ញុំមិន​អាច​ទ្រាំទៀតបាន​ខ្ញុំ​ក៏​ចាត់​ធីម៉ូថេ​ឲ្យមកដើម្បី​ឲ្យ​ដឹងពីជំនឿ​របស់​អ្នករាល់គ្នាក្រែងលោមេល្បួង​មក​ល្បួងអ្នករាល់គ្នា​តាម​របៀប​ណាមួយ​ដែល​នាំឲ្យ​ការ​នឿយហត់​របស់​យើងត្រលប់ជាឥតប្រយោជន៍ 6ឥឡូវនេះធីម៉ូថេ​បាន​ត្រលប់​ពីអ្នករាល់គ្នាមកយើង​វិញ​ហើយព្រមទាំងនាំដំណឹងល្អ​ប្រាប់​យើងអំពីជំនឿនិង​សេចក្ដី​ស្រលាញ់​របស់​អ្នករាល់គ្នាហើយថា​អ្នករាល់គ្នា​តែងតែ​នឹកចាំយ៉ាងល្អ​អំពី​យើងជានិច្ច​ដោយ​ចង់ជួបយើងដូចជាយើង​ចង់​ជួប​អ្នករាល់គ្នាដែរ 7ដូច្នេះបងប្អូនអើយ! ​នៅក្នុង​ពេល​យើង​មាន​ទុក្ខព្រួយនិង​សេចក្ដី​វេទនាគ្រប់បែបយ៉ាង​នោះ​យើង​បាន​ទទួល​សេចក្ដី​កម្សាន្តចិត្ដពីអ្នករាល់គ្នាដោយសារជំនឿ​របស់​អ្នករាល់គ្នា 8ដ្បិតឥឡូវនេះ​យើង​រស់បើ​សិន​អ្នករាល់គ្នាឈរមាំមួននៅក្នុងព្រះអម្ចាស់ 9តើយើង​អាចអរព្រះគុណព្រះជាម្ចាស់ដូចម្ដេចអំពីអ្នករាល់គ្នាសម្រាប់គ្រប់ទាំងអំណរដែល​យើង​មានដោយសារអ្នករាល់គ្នានៅចំពោះព្រះជាម្ចាស់​របស់​យើង? 10យើងទូលអង្វរអស់ពីចិត្ត​ទាំង​យប់ទាំងថ្ងៃ​សូម​ឲ្យបានជួបមុខអ្នករាល់គ្នាដើម្បី​ជួយ​បំពេញ​សេចក្ដី​ខ្វះខាតខាងឯជំនឿ​របស់​អ្នករាល់គ្នា 11សូមឲ្យ​ព្រះជាម្ចាស់ជា​ព្រះ​វរ​បិតានិងព្រះអម្ចាស់យេស៊ូ​នៃ​យើងបើកផ្លូវ​ឲ្យ​យើង​បាន​មក​ជួបអ្នករាល់គ្នា 12សូមព្រះអម្ចាស់​ប្រទាន​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​ស្រលាញ់ច្រើនឡើងហើយហូរហៀរដល់គ្នា​ទៅវិញ​ទៅមកព្រមទាំងដល់​មនុស្ស​ទាំងអស់ដូចដែលយើង​បាន​ស្រលាញ់​អ្នករាល់គ្នាដែរ 13និងសូម​ឲ្យ​ព្រះអង្គ​ពង្រឹងចិត្ដអ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើង​ហើយ​បរិសុទ្ធឥតបន្ទោសបាននៅចំពោះព្រះជាម្ចាស់ជា​ព្រះ​វរ​បិតានៅពេល​ដែល​ព្រះ​យេស៊ូជាព្រះអម្ចាស់​របស់​យើងយាងមកជាមួយ​ពួក​បរិសុទ្ធរបស់ព្រះអង្គ។ ​អាម៉ែន
Copyright information for KhmKCB